ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ម៉ោង ០៧:៥១ នាទី យប់
👁 0
(កណ្តាល)៖ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគវាលរាប “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០” កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅមាត់ទន្លេសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ានសូរស័ក្តិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា អាជ្ញាធររដ្ឋបាលខេត្តនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យ ដើម្បីផ្តល់ការកម្សាន្តជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកចូលរួមទស្សនា និងធ្វើដំណើរឆ្លងកាត់ទីរួមខេត្តផងដែរ។ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិរយៈពេលពីរថ្ងៃនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេសដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ-កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការខិតខំហ្វឹកហាត់ជាប្រចាំបូកផ្សំការតស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អនិងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវនៅក្នុងការប្រកួត។
ឯកឧត្តម ប៉ាន សូរស័ក្តិបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកម្ពុជាទទួលបាននូវការឯកភាពជាតិ សុខសន្តិភាពពេញលេញនិងទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games)នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ ជាពិសេស យើងត្រូវ «សូមអរគុណ សន្តិភាព ដែលយើងស្រលាញ់ និងការពារសន្តិភាពនេះ បើទោះបីជាក្នុងតម្លៃណាក៏ដោយទើបយើងមានឱកាសទទួលបានព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នេះ»។
ដើម្បីឲ្យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណី ឬហៅថា “ទូកនាគ” កាន់តែមានវឌ្ឍនភាពទាំងបរិមាណនិងគុណភាព អាចចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖
១-ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាលនិងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ“ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីងទូទាំងប្រទេស។
២-ត្រូវមានធនធាននិងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួនដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជា ចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគនិងថ្នាក់ជាតិ។
៣-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធនិងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
៤-ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាលនិងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រងនិងរៀបចំការប្រកួតបានគ្រប់កម្រិត។
៥-ត្រូវខិតខំស្វែងរកដៃគូសហការនិងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗតាមដែលអាចធ្វើបាន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣