ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនយូនីលីវើ

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ម៉ោង ០៩:១២ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្ដិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបក្រុមហ៊ុនយូនីលីវើ (Unilever) ដឹកនាំដោយ លោករ៉ូប៊ើត កាន់ឌឺលីណូ (Robert Candelino) នាយកប្រតិបត្តិ​នៃក្រុមហ៊ុនយូនីលីវើនិងជាប្រធានគ្រប់គ្រងអាជីវកម្មក្រុនហ៊ុនក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាការងារនៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ 

នៅក្នុងកិច្ចប្រជុំ ក្រុមហ៊ុនយូនីលីវើ បានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអនុវត្តយ៉ាងរឹងមាំនូវការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានការប៉ះពាល់ខ្លាំងលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ក្រុមហ៊ុនយូនីលីវើ បានជម្រាបថា ទីផ្សារកម្ពុជាជាទីផ្សារមួយដែលមានកំណើនខ្ពស់មួយក្នុងចំណោមប្រទេសដែលក្រុមហ៊ុនយូនីលីវើមានប្រតិបត្តិការ។ កំណើនទីផ្សារដ៏ខ្ពស់នេះបានឆ្លុះបញ្ចាំងពីការរីកចំរើននៃសង្គមកម្ពុជា ក៏ដូចជាប្រទេសទាំងមូលដែលបានប្រែក្លាយខ្លួនយ៉ាងលឿន ក្នុងរយៈពេលមួយដ៏ខ្លីបំផុត។ ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាវិញលោក កាន់ឌឺលីណូ មានមោទនភាពជាខ្លាំងដែលបានចូលរួមការងារជាមួយបុគ្គលិករបស់ក្រុមហ៊ុនដែលភាគច្រើនជាជនជាតិខ្មែរ ហើយក៏បានកោតសរសើរអស់ពីចិត្តចំពោះទេពកោសល្យនៃយុវជនកម្ពុជាដែលជាធនធានដ៏មានតម្លៃសម្រាប់កម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនក្រុមហ៊ុនយូនីលីវើថារាជរដ្ឋាភិបាលចាត់ទុកការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាកិច្ចការចម្បងហើយការអនុវត្តវិធានការប្រយុទ្ធប្រឆាំងបែបនេះ ក៏បានជួយដល់ផលប្រយោជន៍និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យក្រុមហ៊ុនយូនីលីវើបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាស់ទាំងឡាយដូចជាក្លែងបន្លំផលិតផល និងធ្វើការរាយការណ៍ជូនអាជ្ញាធរឲ្យបានភ្លាមៗក្នុងករណីដែលដឹង។ ជាមួយនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏កំពុងតែធ្វើកំណែទម្រង់អង្គភាពកាំកុងត្រូលឲ្យទៅជាអង្គភាពជំនាញខាងសុវត្ថិភាពចំណីអាហារការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ដែលនឹងដើរតួនាទីមួយយ៉ាងសំខាន់លើការងារការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋហើយក៏បានស្នើសុំឲ្យក្រុមហ៊ុនយូនីលីវើ ផ្ដល់ជំនួយ ដូចជា ឧបករណ៍ពិសោធន៍ការបណ្ដុះបណ្ដាលមន្ត្រី និងអប់រំដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង​ពីផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយឬផលិតផលលាយ។ ក្រៅពីនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនថារាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនិងផលិតភាព ក៏ដូចជាសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ