ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ម៉ោង ០១:៣០ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមតឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃស្ថាប័នក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញមកពីក្រសួងពាក់ព័ន្ធនានាប្រមាណ ៧៥នាក់។ 

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថាការវិវដ្តដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវកាលានុវត្តភាពក៏ដូចជាការប្រឈមជាច្រើន ដែលទាមទាឱ្យមានការគិតគូច្បាស់លាស់ លើការប្រតិបត្តិការងារនានា ដែលពឹផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ។ ការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រង់មុំទី៣ព្រមទាំងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ដែលតម្រូវឱ្យរដ្ឋាភិបាលមានការពិនិត្យនិងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។

ជាកិច្ចឆ្លើយតបនិងចូលរួមវិភាគទានទៅលើការសម្រេចបាននូវគោលដៅអាទិភាព ដែលមានកំណត់នៅក្នុងគោលនយោបាយនិងយុទ្ធសាស្ត្រទាំងនោះ ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជនដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ។

ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះជាការមួយដ៏ត្រឹមត្រូវគាប់ជួនជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលបានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ក្រោមព្រះរាជក្រមលេខនស/រកម/១១១៩/០១៧ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏ជាប្រធានបទមួយដ៏សំខាន់នៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាក់ស្ដែងកម្ពុជាបានចុះហត្ថលេខានិងអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសម្រួលកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងតំបន់អាស៊ាន។ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏មានការចរចាយ៉ាងផុសផុលផងដែរ នៅអង្គការពាណិជ្ជកម្មពិភពលោកដើម្បីចងក្រងជាកិច្ចព្រមព្រៀងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

«ការរៀបចំយុទ្ធសាស្ត្ររបស់យើងនាពេលនេះពិតជាស័ក្តិសមណាស់ក្នុងបរិបទបច្ចេកវិទ្យាទំនើប ការវិវត្តនៃប្រទេសនិងស្របទៅនឹងនិន្នាការតំបន់ និងពិភពលោក។ ការប្រែក្លាយនៃរបត់ពាណិជ្ជកម្មបែបប្រពៃណីមកជាការធ្វើពាណិជ្ជកម្មទំនើបតាមបច្ចេកវិទ្យា នឹងនាំមកនូវកាលានុវត្តភាពនិងភាពប្រឈមព្រមៗគ្នាក្នុងពេលតែមួយ។កម្ពុជានាពេលបច្ចុប្បន្នក៏កំពុងតែចូលរួមយ៉ាងសកម្មផងដែរនៅក្នុងវិស័យE-Commerce ដោយជាក់ស្ដែងមិនតិចជាងក្រុមហ៊ុនចំនួន ៣០ ដែលកំពុងតែធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ដូចជាការងារដឹកជញ្ជូនមនុស្ស កក់សំបុត្ររថយន្ត ដឹកជញ្ជូនទំនិញនិងចំណីអាហារ ទីផ្សារអនឡាញ អចលនទ្រព្យ ។ល។ ការរីកដុះដាលនៃក្រុមហ៊ុនថ្មីៗទាំងនេះ ក៏ជួនពេលជាមួយនឹងការចាប់ផ្ដើមប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិកយ៉ាងទូលំទូលាយហើយមួយវិញទៀត ការប្រើប្រាស់បណ្ដាញសង្គមក្នុងការលក់ដូរទំនិញ និងសេវាកម្មក៏ជាការធ្វើអាជីវកម្មមួយដែលមានភាពប្រជាប្រិយ ហើយជាទូទៅការធ្វើអាជីវកម្មបែបនេះជាចំណុចចាប់ផ្ដើមសម្រាប់ក្រុមហ៊ុនឈានជើងចូលទៅការធ្វើពា​ណិជ្ជកម្មតាមE-Commerce ផងដែរ។» ឯកឧត្តម ប៉ាន សូរស័ក្តិបានគូសបញ្ជាក់។

ឯកឧត្តម ប៉ាន សូរស័ក្តិ  ក៏បានជម្រាបជូនអង្គប្រជុំថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះមិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេប៉ុន្តែជាយុទ្ធសាស្ត្ររួមដែលទាមទារឱ្យ ក្រសួង-ស្ថាប័នទាំងអស់ទាក់ទងនឹងវិស័យពាណិជ្ជកម្មសហការគ្នាដើម្បីអនុវត្ត ក្នុងគោលបំណងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់កម្ពុជាទាំងមូល។

ឆ្លងកាត់កិច្ចពិភាក្សាដោយអង្គប្រជុំរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់លេខាធិការដ្ឋានឲ្យពិចារណាលើមតិរបស់អន្តរក្រសួងដែលបានផ្ដល់ជូននៅពេលនោះដើម្បីពិនិត្យបន្ថែមតាមការចាំបាច់ មុននឹងរៀបចំបញ្ចប់ដើម្បីអនុវត្ត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ