ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្ពោធគម្រោង Go4eCAM ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទទួលបាននូវអត្ថប្រយោជន៍ពិតៗពីការធ្វើ E-Commerce ដោយសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ម៉ោង ០៦:១០ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីសម្ពោធគម្រោងGo4eCAMដែលជាគម្រោងថ្មីមួយ​ដែល​ផ្តោត​លើការ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក(E-Commerce)ជាពិសេសការទទួលបាននូវអត្ថប្រយោជន៍ពិតៗពីការធ្វើ E-Commerce ដោយសហគ្រាសធុនមីក្រូតូច និងមធ្យមរបស់កម្ពុជា។ ជាអធិបតីផងដែរ នៅក្នុងពិធីសម្ពោធនេះ​រួម​មាន លោកបណ្ឌិតរតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃ​ស្ថាប័ន​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម(Enhanced Integrated Framework – EIF) ដែលជាម្ចាស់ជំនួយ​ចម្បង​សម្រាប់​គម្រោង​នេះលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាជនបង្គោល EIF សម្រាប់កម្ពុជា ឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក នីក បារេសហ្វត (NickBeresford) តំណាងអង្គការ UNDP ប្រចាំកម្ពុជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ និងភ្ញៀវជាតិនិងអន្តរជាតិមួយចំនួនទៀត។

នៅក្នុងសុន្ទរកថាសម្ពោធរបស់ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា គម្រោង Go4eCAM ជាគំនិតផ្ដួច​ផ្ដើម​ថ្មីមួយ​របស់​ក្រសួងពាណិជ្ជកម្មក្នុងការបង្ហាញពីសក្ដានុពល និងទទួលបានផលប្រយោជន៍ពិតៗ ពីការធ្វើ E-Commerce ដោយសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដើម្បីឈោងចាប់ទីផ្សារនិងអតិថិជនធំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបង្កើនការលក់ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗ។ គំនិត​បង្កើត​គម្រោង​នេះគឺចេញពីគំនិតផ្ដួចផ្ដើមជាច្រើនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើតយុទ្ធសាស្ត្រនិង​គោល​នយោបាយ​ច្បាស់លាស់ដែលអាចអនុវត្តបានដោយក្នុងនោះរួមមានយុទ្ធសាស្ត្រសមាហរណកម្មពា​ណិជ្ជកម្ម (CTIS) ២០១៩-២០២៣ ដែលបានកំណត់យកសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ជាប្រភពនៃ​កំណើន​ថ្មី។ លើសពីផងដែរក្រសួងក៏កំពុងតែរៀបចំបញ្ចប់នូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិក ហើយ​យុទ្ធ​សាស្ត្រទាំងនេះបានសង្កត់ធ្ងន់អំពីសក្ដានុពលនៃការធ្វើ E-Commerce ក្នុងការរួម​វិភាគ​ទាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាការរៀបចំគម្រោង Go4eCAMនេះ គឺចំពេលវេលាមួយដ៏សក្ដិសម គាប់ជួន​ជាមួយ​នឹងការអនុម័ន្តនៃច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីទទួល​បានផល​ប្រយោជន៍​ពីការ​ធ្វើ E-Commerce ដោយសហគ្រាសធុនតូចនិងមធ្យម ជាពិសេសសហគ្រាសដឹកនាំដោយស្ដ្រី និងយុវជន។គម្រោងនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតរួមមាន ការបង្កើនផលិតភាព ភាពច្នៃប្រឌិតនិង​នវានុវត្តន៍ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗនៅកម្ពុជា។

លោកបណ្ឌិត រតនាការ អាឌីការីនាយកប្រតិបត្តិរបស់ EIF បានវាយតម្លៃខ្ពស់ដល់គម្រោង Go4eCAMជា​ពិសេស​ទៅលើគោលដៅគម្រោងដែលផ្ដោតទៅលើសហគ្រាសធុនតូច និងមធ្យមជាពិសេស​សហគ្រាស​ដែលដឹក​នាំដោយស្ដ្រី និងយុវជន។ ប្រទេសកម្ពុជាជាប្រទេសគំរូមួយក្នុងការអនុវត្តកម្មវិធីរបស់ EIF ហើយ​បានផ្ដល់​នូវការអនុវត្តល្អៗដល់ប្រទេសដទៃទៀត។ស្ថាប័ន EIF មានមោទនភាព​លើកិច្ចសហការ​បន្តជាមួយ​នឹងកម្ពុជាលើគម្រោងGo4eCAM ហើយសង្ឃឹមថាការអនុវត្តនឹងប្រព្រឹត្តដោយរលូននិងប្រកបដោយផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសផ្ដល់វិញ្ញាបនប័ត្រជូនសិក្ខាកាមចំនួន ២២ រូប មកពីប្រទេសចំនួន ១០ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងសិក្ខាសាលាស្ដីពីការត្រួតពិនិត្យវាយតម្លៃ និងសិក្សាថ្នាក់តំបន់ (Regional EIF Monitoring, Evaluation andLearning (MEL) Workshop) ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មនិងស្ថាប័ន EIF ចំនួន ៣ ថ្ងៃពីថ្ងៃទី២៩-៣១ ខែមករាឆ្នាំ២០២០។

សូមបញ្ជាក់ថា គម្រោង Go4eCAM ត្រូវបានអនុម័តដោយស្ថាប័ន EIF នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២០ នឹងមានថវិកាប្រមាណ ២,៥ លានដុល្លារអាមេរិក ដោយក្នុងនោះមានជំនួយឥតសំណងរបស់EIF ប្រមាណ ១,៥ លានដុល្លារអាមេរិក និងថវិការបស់រដ្ឋាភិបាលអង្គការ UNDP និងបដិភាគរបស់វិស័យឯកជន មួយចំនួនទៀត សម្រាប់រយៈពេលអនុវត្ត៣០ខែ។ គម្រោងនេះ គ្រោងនឹងអនុវត្តនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដោយមានសមាសភាពធំៗចំនួន៣ គឺ៖

១) បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូចនិងមធ្យម៖ ផ្ដោតលើការធ្វើឲ្យប្រសើរឡើង​នូវបរិយាកាស​អាជីវកម្ម ដើម្បីឲ្យសហគ្រាសធុនតូចនិងមធ្យមទាញយកផលប្រយោជន៍ពីទីផ្សារអនឡាញប្រភេទ B2B2C មួយរបស់ក្រសួងពាណិជ្ជកម្មជាពិសេសសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។

២) ជំនាញនិងសហគ្រិនភាពសម្រាប់ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក៖ សមាភាពនេះ​មានគោល​បំណង​ពង្រឹង​ខ្សែចង្វាក់តម្លៃE-Commerceនិងលើកកម្ពស់ជំនាញសហគ្រិនភាព និងហិរញ្ញវត្ថុ សម្រាប់​សហគ្រាស​ធុន​តូចនិងធម្យមដែលមានវត្តមានអនឡាញក្នុងទីផ្សារ B2B2C

៣) ការទទួលបានឥណទាន និងពង្រឹងឡូជីស្ទិកនិងសម្រួលពាណិជ្ជកម្ម៖ សម្រួល និងផ្គូផ្គងសហគ្រាស​ធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនចាប់ផ្ដើមថ្មីៗរបស់កម្ពុជាដែលធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ផ្លូវ​ការជាមួយនឹងវិនិយោគិនក្នុងស្រុក និងបរទេស។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ