ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៦:៤១ នាទី ល្ងាច
👁 0
នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍«កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០»ដែលរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជានៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០។ ជាអធិបតីក្នុងពិធីនោះដែរគឺឯកឧត្តម ប៉ាទ្រិក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិនិងអន្តរជាតិ ជាច្រើនទៀតផងដែរ។
នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជម្រាបជូនថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុពលសម្រាប់ជាព័ត៌មានជូនដល់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្មឬវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការលើកកម្ពស់ខ្សែចង្វាក់តម្លៃនិងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយ ដើម្បីទ្រទ្រង់វិស័យកសិកម្មឲ្យមានការរីកចម្រើនមួយចំណែកទៀតដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកជាឧទាហរណ៍ការកែច្នៃដំឡូងមីទៅជាម្សៅគ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះនឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។នៅក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិកក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្មដោយបានលើកឡើងអំពីបរិយាកាសវិនិយោគល្អប្រសើររបស់កម្ពុជា។
នៅក្នុងសុន្ទករថាបើកឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនថា ការរៀបចំវេទិកាធុរកិច្ច ស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះជាវេលាដ៏ល្អមួយ គាប់ជួនជាមួយនឹងខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៥ ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុនដែលប្រកបកសិកម្មបែបប្រពៃណីនិងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប ដែលអាចជួយដល់ការជំរុញវិស័យកសិកម្មនិងបង្កើនទិន្នផល ហើយឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុនទាំងនោះនឹងសហការជាមួយក្រុមហ៊ុនកម្ពុជាដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។សង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យា ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនបន្ថែមទៀតថាតាមរយៈការអភិវ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្មនឹងមានការចុះថយជាលំដាប់ហើយក្នុងពេលនោះហើយ ដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាពគាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ។
សូមជម្រាបជូនថា ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ គឺមានសរុបប្រមាណ ៥,៤ ប៊ីលានដុល្លារអាមេរិកគិតត្រឹមខែវិច្ឆិកា ស្មើនឹងកំណើនប្រមាណ ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ក្នុងនោះផងដែរ វិស័យកសិកម្មក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣