លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Marinela Petkova ឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងថ្មីនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ១១:០២ នាទី ថ្ងៃត្រង់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ) នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង  រដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវម៉ារីនណេឡាផេតកូវ៉ា (Marinela Petkova) ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងថ្មីនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ អមដោយលោក អូលេកម៉ារីណូវ (Oleg Marinov) ប្រធានការិយាល័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃស្ថានទូតសាធារណរដ្ឋប៊ុលហា្គរី នៅទីក្រុងហូជីមីញ។

 

ជាកិច្ចស្វាគមន៍ លោកជំទាវរដ្ឋលេខាធិការ បានទទួលស្វាគមន៍និងអបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូតប៊ុលហា្គរីដែលត្រូវបានតែងតាំងថ្មី។លោកជំទាវរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតប្តេជ្ញាបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធដែលមានកន្លងមករវាងកម្ពុជានិងសាធារណរដ្ឋប៊ុលហ្គារី និងរួមគ្នាពង្រឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ វិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត។

 

លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវឱ្យក្រុមហ៊ុនប៊ុលហ្គារីមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាដោយសារតែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកំរិត។លោកជំទាវរដ្ឋលេខាធិការ ក៏បានស្នើសុំជំរុញឱ្យបានកាន់តែច្រើនថែមទៀតក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងវិស័យឯកជននៃភាគីទាំងពីរតាមរយៈជំនួបធុរកិច្ច ឬពិព័រណ៍អន្តរជាតិនានា និងបានអញ្ជើញភាគីប៊ុលហ្គារីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដែលរៀបចំឡើងដោយភាគីកម្ពុជាជារៀងរាល់ខែធ្នូ។

 

ជាកិច្ចឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតក៏បានឯកភាពលើកិច្ចការនេះ  និងបានជម្រាបជូនអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃសាធារណរដ្ឋប៊ុលហ្គារី ក្នុងវិស័យមួយចំនួន ដែលរួមមានវិស័យកសិកម្មបច្ចេកវិទ្យាព័ត៌មាន ឌីជីថល និងសេវាកម្មសុខភាពនិងបានអញ្ជើញឱ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាក្នុងការសហការជាមួយគ្នាលើវិស័យទាំងនេះ។

 

ស្របគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញបង្កើតគណៈកម្មការសេដ្ឋកិច្ចរួមរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារដ្ឋប៊ុលហ្គារី ដូចដែលមានចែងក្នុង កិច្ចព្រមព្រៀងស្តីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្តនិងបច្ចេកទេស រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប៊ុលហ្គារី ដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានិងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប៊ុលហ្គារី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប៊ុលហ្គារី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។ 

 

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ និងលោកជំទាវអគ្គរដ្ឋទូតប៊ុលហ្គារីបានបង្ហាញពីភាពស្និទស្នាល រីករាយរាក់ទាក់ ព្រមទាំងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

អត្ថបទដោយ៖ នាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ